សុទ្ធតែមានព្រះភក្ត្រមុខ៤ទាំងអស់ ដែលបង្ហាញយ៉ាងច្បាស់នូវព្រហ្មវិហារធម៌
តាមទិសនីមួយៗគឺ៖
១-មេត្តា ស្ថិតនៅទិសខាងកើត
២-ករុណា ស្ថិតនៅទិសខាងត្បូង
៣-មុទិតា ស្ថិតនៅទិសខាងលិច
៤-ឧបេក្ខា ស្ថិតនៅទិសខាងជើង
ព្រះភក្ត្រទាំង៤ទិសនេះហើយ គឺជាព្រះនេត្រទិព្វដ៏កំពូលអស្ចារ្យ ដែលអាចសម្លឹងមើលឃើញខ្សែ ជីវិតពិតរបស់បុគ្គលម្នាក់ៗកំពុងតែជួបប្រទះនៅលើផ្លូវសុភមង្គលនិង ផ្លូវអពមង្គលរស់នៅលើភពផែនដីយើងនេះ ។ ម្យ៉ាងទៀតព្រះព្រហ្មគឺជាអាទិទេពមួយព្រះអង្គដែលជាអ្នកបង្កើត ពិភពលោកទៀតផង ។
រឿងរ៉ាវទេវកថាក្នុងពិភពជំនឿសាសនានេះបានបង្ហាញឱ្យឃើញថាកាលពីដើមឡើយនៅក្នុងពិភពលំហឋានសួគ៌មានភាវៈជាច្រើនបានរសាត់វិលវល់ រួចហើយក៏ត្រូវព្រះពាយបក់មកនូវធូលីប្រមូលផ្តុំគ្នា បង្កើតបានជារូបធាតុសួគ៌ាជាច្រើនសន្ធឹកសន្ធាប់ ។ក្នុងចំណោមរូបធាតុសួគ៌ាទាំងនោះយើងសង្កេតឃើញមាន រូបធាតុមួយដ៏ចម្លែកជាងគេដែលមានទ្រង់ទ្រាយជាស៊ុតបក្សីហង្សមាស រាងដូចផ្កាឈូកក្រពុំ ។ ស៊ុតបក្សីហង្សមាសរាងដូចផ្កាឈូកក្រពុំនេះចេះតែអណ្តែតត្រសែត នៅក្នុងលំហមេឃាអស់រយៈពេលជាច្រើនម៉ឺនសែនឆ្នាំនិង ចេះតែរសាត់នៅតាមផ្ទាំងពពកស ។
ការរសាត់អណ្តែតរបស់ស៊ុតបក្សីហង្សមាសរាងផ្កាឈូកក្រពុំនេះចេះតែ ប្រព្រឹត្តទៅជាប្រចាំ រហូតដល់សម័យកាលមួយកំពុងតែអណ្តែត ត្រសែតក៏ជួបនឹងខ្យល់កម្មជ្ជវាតមួយកួចត្របាញ់ជុំវិញស៊ុតបក្សី ហង្សមាសរាងដូចផ្កាឈូកក្រពុំនេះ ។
ក្រោយពីបានហ៊ុមព័ទ្ធរួចអស់រយៈពេលជាច្រើនឆ្នាំ ស្រាប់តែឥទ្ធិពលនៃខ្យល់ កម្មជ្ជវាតបានបក់បោកយ៉ាងខ្លាំង ហាក់បីដូចជាពុះច្រៀកបំបែកស៊ុតនេះឱ្យប្រេះបែកតាមផ្នត់ជាត្របក ផ្កាឈូក រីកលេចធ្លោរឡើងនូវព្រះរាជកុមារព្រះព្រហ្មមួយព្រះអង្គយ៉ាងស្អាត មានព្រះកេស៤ទិស ស្ថិតនៅលើផ្កាឈូកមាសរីកពិសិដ្ឋ អង្គុយសមាធិយ៉ាងស្ងៀម សា្ងត់បំផុត ។
ក្រោយពីព្រះរាជកុមារព្រះព្រហ្មបានលេចរូបរាងចេញពីស្រោមស៊ុត បក្សីហង្សមាសរាងផ្កាឈូកក្រពុំរួចមក ធ្វើឱ្យមហិទ្ធិប្ញទ្ធិវេទមន្តនៃព្រះរាជបល្ល័ង្កជាផ្កាឈូកមាសរីក ពិសិដ្ឋនោះរបស់ព្រះអង្គចេះតែរសាត់អណ្តែតហោះហើរជានិច្ចនៅលើពិភព លំហឋាន សួគ៌ដោយនាំព្រះអង្គយាងឆ្លងកាត់រលកព្យុះពីមួយទៅមួយ ហើយចេះតែរសាត់ទៅៗ ទៅដល់ជម្រកវិមានមួយមានឈ្មោះថា “ វិមានគិរីពពកអណ្តែត” ។ បន្ទាប់មកព្រះអង្គក៏នៅតែបន្តសមាធិទានសីលជាដដែល រហូតដល់ពេញព្រះរាជវ័យជំទង់ ទើបព្រះអង្គយាង ចាកចេញពីព្រះរាជបល្ល័ង្កផ្កាឈូកមាសរីកពិសិដ្ឋតែម្តង ។
ដោយសារការសមាធិទានសីលដើម្បីប្រមើលមើលជីវិតក្នុងលោកអស់រយៈពេល ជាច្រើនឆ្នាំកន្លងមកនេះហើយ ទើបធ្វើឱ្យព្រះរាជហប្ញទ័យព្រះអង្គសែនអផ្សុកធុញ ទ្រាន់យ៉ាងក្រៃលែង ក៏យាងចាកចេញពីវិមានគិរីពពកអណ្តែត ។ លុះដល់ពេញព្រះ រាជវ័យកំលោះ ព្រះអង្គក៏យាងដើររកព្រះអគ្គមហេសីដើម្បីជីវិតអនាគតរបស់ព្រះអង្គ ។
មានសំណល់ចម្លាក់របស់ខ្មែរយើងនៅលើកំពូលភ្នំតាម៉ៅ(ក្នុងខេត្ត តាកែវ) ឬនៅក្នុងសារមន្ទីរជាតិក្រុងភ្នំពេញក៏មានដែរ ដែលបង្ហាញឱ្យឃើញអំពីព្រះព្រហ្មគង់ប្រថាប់នៅ លើផ្កាឈូកមាសរីកពិសិដ្ឋ មានទងរាងស្តួចវែងផុសចេញពីទងផ្ចិតរបស់ព្រះវិស្ណុផ្ទុំ ។ នេះបញ្ជាក់ឃើញថា ព្រះព្រហ្មមានវ័យចំណាស់បន្តិច រួមសហការជាមួយព្រះវិស្ណុ និងព្រះអគ្គមហេសីរបស់ព្រះវិស្ណុនៅលើសត្វពស់នាគរាជបណ្តែតទឹក រង់ចាំបង្កើតពិភពថ្មី ។
បច្ចុប្បន្ននេះមានជាងចម្លាក់លោហៈធាតុខ្លះ និងជាងសំណង់ចាក់ពុម្ពខ្លះក៏នៅតែនិយមឆ្លាក់រូបព្រះព្រហ្មមុខ៤ដែរ ។ រូបខ្លះសិល្បករខ្មែរយើងបង្ហាញរូបព្រះព្រហ្មបើក ព្រះនេត្រធំៗ ដើម្បីសម្លឹងទតមើលរលក វាសនារបស់មនុស្សម្នាក់ៗកំពុងតែរស់នៅក្នុងសង្គមរបស់ខ្លួន ៕
អត្ថបទនេះរៀបរៀងដោយលោកះ សុរនាគ
0 comments:
Post a Comment